កម្សាន្ត៖ បាយឆាពងមាន់ ជាអាហារដ៏សាមញ្ញមួយដែលអ្នកណាៗក៏ចេះធ្វើដែរ ប៉ុន្តែបើសិនជាចង់ញុំាបាយឆាពងមាន់ដែលមានរសជាតិកាន់តែឆ្ងាញ់ជាងនឹងទៅទៀតនោះ គឺបាយឆាពងមាន់ឆាលាយជាមួយបង្គា ហើយវាមានវិធីធ្វើពិសេសជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ពងមាន់
២. បាយ
៣. បង្គា
៤. ខ្ទឹមសម៉ត់
៥. ស្លឹកខ្ទឹម ម្ទេស ហាន់តូចៗ
៦. ស្ករស អំបិល ម្រេច ទឹកស៊ីអីវ ប្រេងខ្យង
៧. ទឹកដោះគោស្រស់ កន្លះកែវ

របៀបធ្វើ៖
១. ដាក់ខ្ទះដាក់ប្រេងឆារំលីងខ្ទឹមស ដោយបើកភ្លើងតិចៗ លីងខ្ទឹមសឈ្ងុយហើយគោះពងមាន់ចូល២គ្រាប់ហើយយកវែកកូរពងមាន់ចុះឡើងៗរហូតដល់វាឆ្អិនបន្តិច ចាក់បាយចូលដាក់ទឹកស៊ីអីវ ប្រេងខ្យង ស្ករស អំបិល ហើយឆាវាចូលគ្នាឲ្យសព្វបន្ទាប់មកដាក់ស្លឹកខ្ទឹមចូលឆា រួចដួសដាក់ចានទុកសិន។

២. យកបង្គាបកសំបកចេញលាងទឹកសម្អាតហើយ យកវាទៅចម្អិនដោយដាក់ប្រេងឆាក្នុងខ្ទះបន្តិចប្រើភ្លើងតិចៗ ហើយចាក់បង្គាចូលលីងចុះលីងឡើងដល់ឆ្អិនដួសទុកសិន។ បន្ទាប់មក គោះពងមាន់៤គ្រាប់វាយលាយជាមួយគ្រឿងដូចជាម្រេច អំបិល ម្សៅស៊ុប និងទឹកដោះគោស្រស់ វាយចូលគ្នាឲ្យសព្វ។

៣. យកពងមាន់ដែលវាយគ្រឿងហើយនោះទៅ ចម្អិនដោយប្រើភ្លើងតិចៗ ចាក់ពងមាន់នោះលើខ្ទះហើយចាក់បង្គាដែលបានទុកនោះចូល ហើយកូរច្របល់ទៅមកៗរហូតដល់វាឆ្អិនល្មម លើកវាចាក់ពីលើបាយឆានោះ រោយស្លឹកខ្ទឹមពីលើធ្វើឲ្យឈ្ងុយឆ្ងាញ់៕