ភ្នំពេញ៖ ជាការពិតណាស់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃដ៏អស្ចារ្យបំផុតសម្រាប់ ប្រជាជនខ្មែរទាំងមូល ដែលជាថ្ងៃបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយប្រទេសកម្ពុជា បានទទួលភារកិច្ច ដ៏សំខាន់ក្នុងការរៀបចំ ធ្វើជាម្ចាស់ផ្ទះ ក្រោយបានអាក់ខានអស់រយៈពេល៦៤ឆ្នាំកន្លងមក ។ ជាក់ស្ដែង ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះ ធ្វើឲ្យកូនខ្មែរគ្រប់រូបកើតចិត្តរំភើប ដល់ស្រក់ទឹកភ្នែក នៅពេលដែលប្រវត្តិសាស្រ្ដ វប្បធម៌ អរិយធម៌របស់ខ្មែរទាំងអស់ ត្រូវបានបង្ហាញ បំភ្លឺផុសឡើងជាមួយ ភាពអស្ចារ្យនៃការរៀបចំ គ្មានអ្វីប្រៀបផ្ទឹមបាន ហើយជាពិសេស ពិតជាមានមោទកភាពយ៉ាងខ្លាំងក្រៃលែង ដែលបានឃើញជាមួយផ្ទាំងទស្សនីយភាពដ៏មហាអស្ចារ្យ ដោយបានបង្ហាញនូវកិត្យានុភាពជាតិ ទៅកាន់ពិភពលោក ឲ្យកាន់តែបានស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក នៅពីក្រោយ ផ្ទាំងទស្សនីយភាព ដែលមើលសឹងតែមិនហ៊ាន សូម្បីតែព្រិចភ្នែកនេះ ត្រូវបានអ្នកដឹកនាំសម្ដែងរួម កម្មវិធីបិទបើក កីឡាស៊ីហ្គេម ជនជាតិចិន មានឈ្មោះថាលោក ឆិន វ៉ិតាន់ ផ្ដល់កិច្ចសម្ភាសមកថា៖ « កម្មវិធីបើកទាំងមូល ពួកយើងរៀបចំ ចាប់ពីខាងលើដល់ខាងក្រោម គ្រប់ជ្រុងទាំងអស់ ពួកយើងបានរៀបចំប្រវត្តិសាស្រ្ដ ដ៏សម្បូរបែបរបស់កម្ពុជា ពីដើមកំណើតរបស់កម្ពុជា និងវប្បធម៌ប្រវត្តិសាស្រ្ដដ៏សម្បូរបែប រៀបចំពីជីវភាពប្រជាជន នៅក្នុងនយោបានឈ្នះឈ្នះ រៀបចំពីទឹកចិត្តឆន្ទះ ចំពោះអនាគត និងសហគមន៍ជោគវាសនារួម នៃកិច្ចសហប្រតិបត្តិការប្រទេសអាស៊ានទាំង១១ ដោយពិធីបើកបែងចែកជា៥វគ្គ បើកក្បាល កណ្ដាល និងចុងបញ្ចប់ គ្រប់វគ្គសុទ្ធតែមានកន្លែងពិសេសផងដែរ»។

អ្នកដឹកនាំចិនបានបន្ដទៀតថា «ព្រោះពេលពួកយើងរៀបគម្រោង យើងឃើញថា បន្ទាប់ពីទៅមើលនៅសារមន្ទីជាតិពួកយើងឃើញថា រឿងទេវកថាកម្ពុជាពិតជាស្រស់ស្អាត ពួកយើងបានឃើញពីប្រទេសមួយ ប្រទេសនេះកើតឡើងដោយរបៀបណា នៅក្នុងប្រវត្តិទេវកថា ពួកយើងឃើញរឿងមួយដ៏អស្ចារ្យ គឺជារូបនាគក្បាល៧ ដែលជានិមិត្តរូបរបស់ពួកគេ ពេលនោះកម្ពុជាគ្របដណ្ដប់ដោយសមុទ្រ ក្រោយពីនាងនាគចេញមក មានរាជបុត្រមួយអង្គ យាងកម្សាន្ដម្នាក់ឯងលើសមុទ្រ បន្ទាប់ពីនាងបានជួប ព្រះរាជបុត្ររួចក៏បានស្រឡាញ់គ្នា ហើយទឹកសមុទ្រក៏កើតទៅជាដីគោក ស្ដេចនាគបានផ្សំផ្គំពួកគេទាំងពីរ ពួកគេធ្វើឲ្យសមុទ្ររីង ក្លាយជាដី ជាកន្លែងសម្រាប់ពួកគេរស់នៅ បន្សល់ជាទន្លេមេគង្គដ៏ស្រស់ស្អាត ពេលខ្ញុំបានឮរឿងព្រេងនេះ ខ្ញុំក៏ថា ពិតជាស្រស់ស្អាតណាស់ នេះជាវគ្គទី១»។




លោកបន្ដទៀតថា «បន្ទាប់មក គឺជារជ្ជកាលដ៏រុងរឿង របស់ប្រទេសកម្ពុជាគឺសម័យអង្គរ នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលបន្ទាប់ពីពួកយើងស្រាវជ្រាវ ពីវប្បធម៌ ទៅមើលឯកសារប្រវត្តិសាស្រ្ដសម័យអង្គរមក ពួកយើងឃើញថា តាមពិតសម័យអង្គរ មហាក្សត្រមាន ព្រះទ័យអត់ឱនអធ្យាស្រ័យខ្លាំង ឥទ្ធិពលទូលំទូលាយ នេះជាមោទកភាពសម្រាប់ប្រជាជនកម្ពុជា ដូច្នេះពួកយើងរៀបចំឲ្យមាន រជ្ជកាលអង្គរដ៏រុងរឿងថ្កុំថ្កើង នៅលើឆាកសម្ដែង។




បន្ទាប់មក វគ្គទី៣ ចូលដល់សម័យនយោបាយឈ្នះឈ្នះ ឃើញពាក្យនេះ អ្នកទាំងអស់គ្នាដឹងហើយឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា ដូចនេះប្រជាជនក្នុងសម័យកាលនេះ រស់នៅក្នុងសម័យកាលនយោបាយឈ្នះឈ្នះ ពួកយើងបង្ហាញចេញនូវ ផលិតកម្មដ៏សម្បូរបែប មានផលិតផលស្បៀងអាហារ មានអង្ករ បង្ហាញពីសុភមង្គលរបស់ប្រជាជន និងភាពសប្បាយរីករាយក្នុជីវិតរស់នៅ នេះជាអ្វីដែលយើងនិយាយពីកម្ពុជាបច្ចុប្បន្ន គឺធ្វើឲ្យពិភពលោកស្ដាប់ឮ ពីស្មារតីឆន្ទះកម្ពុជាឆ្ពោះទៅអនាគត»។


ប្រភពរូបភាព៖ Samdech Hun Sen, Cambodian Prime Minister
ប្រភពវីដេអូTikTok៖ ផ្ការំចេក