ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស មានទឹកប្រាក់សរុប ១ ០១២,៤៥លានដុល្លារ កើន ១៦% បើធៀបនឹងឆ្នាំ២០២៣។ បើតាម ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១០ របស់កម្ពុជា។
ទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានៅទៅចក្រភពអង់គ្លេសចំនួន ៩៥៨,៧៥លានដុល្លារ កើន២០,៤% និងចក្រភពអង់គ្លេសនាំមកកម្ពុជា ៥៣,៧លានដុល្លារ ថយ២៩,៩%។ បើតាមទិន្នន័យខាងលើ បានបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាប្រទេសដែលទទួលទិញទំនិញច្រើនពីកម្ពុជាលំដាប់ទី៨ បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា អេស៉្បាញ និងអាល្លឺម៉ង់។
ក្នុងឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់ ៥៤,៧៤ពាន់លានដុល្លារ កើន ១៦,៩% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ពាន់លានដុល្លារ កើន ១៥,៧% និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ពាន់លានដុល្លារ កើន ១៨%។
គួរបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានភាគច្រើនជាផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន, ឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនិងទំនិញសំខាន់ៗមួយចំនួនទៀត ចំណែកទំនិញនាំចូលមានដូចជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុធ្វើពីដែក វត្ថុធ្វើពីប្លាស្ទីក និងផលិតផលគីមីជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)