កម្សាន្ត៖ ខេត្តក្រចេះ ជាខេត្តតូចមួយដែលស្ថិតនៅប៉ែកឦសាននៃរាជធានីភ្នំពេញ វាមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែងនៅភាគខាងជើងមណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំនិងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែរ គឺផ្លូវជាតិលេខ៧ ចម្ងាយ៣៤០គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ ស្រុកឆ្លូង មួយខ្សែនិងតាមមាត់ទន្លេមួយខ្សែទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទន្លេមេគង្គ ២២០គីឡូម៉ែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ខេត្តក្រចេះសម្បូរទៅដោយធនធានធម្មជាតិនៅលើដីមានព្រៃព្រឹក្សាវាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរទៅដោយត្រី ពិសេសពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាបដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅលេងកម្សាន្ត។ លើសពីនេះ ខេត្តក្រចេះមានកន្លែងទេសចរណ៍ច្រើនកន្លែងទៀតដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ រមណីយដ្ឋានខាងក្រោមនេះជាកន្លែងទេសចរណ៍ដែលសប្បាយជាងគេនៅខេត្តក្រចេះ៖
១. រមណីយដ្ឋានអន្លង់ផ្សោតកាំពី
ជារម្មណីយដ្ឋានធម្មជាតិ ស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រ តាមផ្លូវខេត្តលេខ៣៧៧ នៅជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាងន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានសត្វផ្សោតជាង ៤០ក្បាលរស់នៅ ដែលអាចអោយភ្ញៀវទេសចរទស្សនាតាមរយៈការជិះកាណូត ឬទូក។


២. រមណីយដ្ឋានព្រែកកាំពី
ជារម្មណីយដ្ឋានធម្មជាតិ ស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ១៦គីឡូម៉ែត្រ តាមផ្លូវលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ទីនេះមានប្រជុំទៅដោយកូនកោះតូចៗជាច្រើន ព្រមទាំងមានឆ្នេរខ្សាច់ និងជ្រលងទឹកហូរជាច្រើនសណ្ឋាន មានដើមរៃ ដើមរាំងនិងទឹកទន្លេថ្លាយង់ដែលអាចឲ្យភ្ញៀវទេសចរងូតលេងកម្សាន្ត។


៣. សហគមន៍អេកូទេសចរណ៍កោះទ្រង់
កោះទ្រង់គឺជាកោះមួយដែលស្ថិតនៅកណ្ដាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិ ប្រមាណ១គីឡូម៉ែត្រ។ កោះនេះមានឆ្នេរអមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្ដោយកោះផ្នែកខាងកើតទល់មុខទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចធ្វើដំណើរ ដោយជិះសាឡាងចេញពីមាត់ទន្លេក្រុងក្រចេះចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ ដើម្បីទៅដល់កោះនោះ។ នៅទីនោះយើងអាចជិះរទេះគោ រទេះសេះទស្សនាសក្ដានុពលជុំវិញកោះ បោះតង់លើឆ្នេរខ្សាច់ ងូតទឹកលេង លេងកីឡាលើឆ្នរខ្សាច់ ញុំាអាហារ និងភ្លក់ក្រូចថ្លុងកោះទ្រង់ដ៏មានឳជារសថែមទៀត។


៤. សមាគមន៍អេកូទេសចរណ៍ កោះផ្ដៅ
មានចម្ងាយ ៤៥គីឡូម៉ែត្រពីខេត្តក្រចេះ កោះផ្ដៅនឹងសំភិន គឺជាភូមិ២ក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅលើកោះរងាវ។ ភូមិទាំង២នេះស្ថិតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្ដោយដងទន្លេមេគង្គខាងជើង ដើម្បីមកដល់ទីនេះភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៧គីឡូម៉ែត្រពីទីរួមខេត្តទៅកាន់ស្រុកសំបូរនិងធ្វើដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំង២នេះចម្ងាយ៦គីឡូម៉ែត្រទៀត។
នៅតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិដូចជាសត្វផ្សោត ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាបនិងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។ ភ្ញៀវទេសចរអាចជិះទូកទស្សនាកម្សាន្តមើលទេសភាព មើលថ្ងៃលិច ជិះម៉ូតូឌុបសហគមន៍ ជួលកង់ជិះលេង ចូលរួមសកម្មភាពនានាជាមួយអ្នកភូមិជាដើម។


៤. វិហារសសរមួយរយ
ជារម្មណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ មានចម្ងាយ៣៦គីឡូម៉ែត្រពីទីរួមខេត្ត អាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧តាមផ្លូវកៅស៊ូ។ វិហារសសរ១០០ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ដោយព្រះបាទចន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន១០០ នៅសម័យប៉ុលពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជុលជាបន្តបន្ទាប់ កសាងឡើងពីឥដ្ឋលើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។


៥. វត្តភ្នំសំបុក
ជារម្មណីយដ្ឋានបែបប្រវត្តិសាស្ត្រមានចម្ងាយ១០គីឡូម៉ែត្រ តាមផ្លូវខេត្តលេខ៣៧៧ទៅស្ទឹងត្រែង ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ភ្នំសំបុកជាភ្នំតូចមួយដែលមានកំពស់៧០ម៉ែត្រ ស្ថិតនៅ២០០ម៉ែត្រខាងកើតផ្លូវ មានផ្លូវតូចមួយក្រាលក្រួសក្រហមបែកខាងស្ដាំដៃចូលទៅដល់ជើងភ្នំ។ ភ្ញៀវទេសចរអាចដើរកម្សាន្តលើភ្នំដែលមានទេសភាពស្រស់ស្អាត និងខ្យល់បរិយាកាសបរិសុទ្ធ។

