កម្សាន្ត៖ ភ្នំប្រុសភ្នំស្រី មានទីតាំងស្ថិតនៅខេត្តកំពង់ចាម ដោយធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ បែរទៅទិសឥសាន នៅខាងឆ្វេងដៃ ចម្ងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញមានភ្នំពីរនៅទន្ទឹមគ្នា នៅខាងកើតភ្នំខ្ពស់គឺភ្នំស្រី នៅខាងលិចភ្នំទាបគឺភ្នំប្រុស។ ភ្នំទាំងពីរនេះ គឺជាភ្នំដែលមានទេសភាពស្រស់ស្អាត នៅលើភ្នំប្រុសមានវត្តមួយឈ្មោះថា សុវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅទិសខាងជើងចម្ងាយប្រហែល១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចនោះគឺ ភ្នំស្រី ហើយនៅខាងជើងភ្នំស្រីមានជួរភ្នំជាច្រើនដូចជាភ្នំដងរែក ភ្នំលី ភ្នំឈូកជាដើមដែលមើលទៅមានសភាពស្រស់ស្អាតទាក់ភ្នែក។
ភ្នំប្រុសមានរាងទួល មានកំពស់ត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ទាបជាងភ្នំស្រី ហើយមានផ្លូវមួយឡើងទៅដល់កំពូលភ្នំ នៅលើភ្នំមានព្រះវិហារខ្ពស់មួយដែលមានកំពូលប្រាំ យកគំរូតាមប្រាសាទបន្ទាយស្រី។ ព្រះវិហារដែលនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នានិងមានវិហារចំណាស់មួយមានកំពូលពីរដែលសាងសង់តាំងពីសម័យសង្គមរាស្ត្រនិយម។ នៅក្រោមវិហារនេះមានគំនរចេតិយ៍មួយដ៏ធំដែលមានកំពស់ប្រមាណ១៥ម៉ែត្រ ដែលបានកសាងដោយព្រះគ្រូចៅអធិការទី១ ព្រះនាម កែវ សូរ។ បើយើងឡើងទៅលើភ្នំប្រុស យើងអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនឹងស្រូបខ្យល់អាកាសធម្មជាតិ។
ចំណែកឯភ្នំស្រីវិញ មានកំពស់ខ្ពស់ជាងភ្នំប្រុស ហើយមានកាំជណ្ដើរឡើងទៅលើភ្នំចំនួន៣០៨កាំ។ នៅលើកំពូលភ្នំស្រីមានព្រះវិហារបាក់បែកមួយចំនួនដែលពុំទាន់បានជួសជុលនៅឡើយ។
ភ្នំទាំងពីរនេះមានប្រវត្តិទាក់ទងគ្នាយ៉ាងអស្ចារ្យដែលបានបន្សល់នៅទំនៀមទម្លាប់ប្រពៃណីខ្មែរមួយដែលយើងគោរពប្រតិបត្តិមកដល់បច្ចុប្បន្ន ដោយកាលពីដើមឡើយទឹកដីខ្មែរយើងមានស្ដេចស្រីជាអ្នកសោយរាជ្យ ទ្រង់បានបបួលប្រុសៗភ្នាល់គ្នាពួនភ្នំ បើអ្នកណាភ្នំបានខ្ពស់ជាងអ្នកនោះឈ្នះ ហើយអ្នកចាញ់ត្រូវធ្វើជាអ្នកចូលស្ដីដណ្ដឹង។ ចុងក្រោយខាងស្រីបានប្រើកល់ល្បិចហើយឈ្នះ ព្រោះបានពួនភ្នំខ្ពស់ជាងខាងប្រុស ហើយខាងប្រុសជាអ្នកចាញ់ ដូចនេះហើយទើបមានទំនៀមទម្លាប់ខាងប្រុសត្រូវចូលស្ដីដណ្ដឹងកូនស្រី។