លំហែ៖ បើនិយាយដល់តំបន់កម្សាន្ត និងរមណីដ្ឋាននៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នពិតជាមានច្រើនមិនខ្វះនោះឡើយ មិនថាទាំងនៅក្នុងក្រុង ឬតាមបណ្ដាខេត្ត ពិសេសកន្លែងនីមួយសុទ្ធតែស្អាតៗ សេវាកម្មល្អ គួរជាទីមនោរម្យតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងចំណោម ២៥ខេត្តក្រុង បើតាមសង្កេតមើលឃើញនាពេលបច្ចុប្បន្ន ខេត្តមួយចំនួនខាងក្រោមនេះ កំពុងពេញនិយមនិងសម្បូរអ្នកទេសចរតែងតែទៅលេងជាបន្តបន្ទាប់មិនដែលខាន ហើយក៏សម្បូរកន្លែងដើរលេងស្អាតៗប្លែកភ្នែកផងដែរ៕
១.ខេត្តកំពង់ស្ពឺ
ជាខេត្តដែលនៅជិតរាជធានីភ្នំពេញ និងសម្បូរភ្ញៀវទេសចរណ៍ទៅលេងមិនដាច់គ្រប់រដូវ។ កន្លែងដែលពេញនិយមជាងគេ មានដូចជា ឧទ្យានជាតិគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឪរ៉ាល់ ទំនប់ស្លា និងរមណីដ្ឋានផ្សេងៗទៀត។
២.ខេត្តកំពត
ក៏មិនខុសពីខេត្តកំពង់ស្ពឺដែរ កំពតជាទិសដៅទេសចរណ៍ដ៏សម្បូរបែប ដែលអាចទាក់ទាញអ្នកទេសចរណ៍ទៅលេងកម្សាន្តគ្រប់រដូវ ដែលមានកន្លែងពេញនិយមដូចជា ឧទ្យានជាតិភ្នំបូកគោ ឧទ្យានដងព្រែក ឆ្នេរសមុទ្រណាតាយ៉ា ទំនប់ម្លេច ទឹកធ្លាក់ជាច្រើន និងកន្លែងកម្សាន្តផ្សេងៗទៀត។
៣.ខេត្តកែប
ពេលបានទៅលេងកំពត អ្នកណាក៏មិនដែលរំលងខេត្តដ៏តូចមួយនេះ ព្រោះវានៅជាប់គ្នា។ ខេត្តកែបក៏មានកន្លែងទាក់ទាញច្រើនដូចជា កោះទន្សាយ ផ្សារក្ដាម ឆ្នេរកែប ឆ្នេរអង្កោល និងកន្លែងមួយចំនួនទៀត។
៤.ខេត្តកោះកុង
ខេត្តនាយសមុទ្រជាប់ព្រំដែនថៃមួយនេះ ក៏មិនខ្វះកន្លែងកម្សាន្ត ដែលមានដូចជា ឆ្នេរបាក់ខ្លង ស្ទឹងពពក ឆ្នេរនេសាទ ភ្នំខ្នងក្រពើ ព្រៃកោងកាងពាមក្រសោប កោះស្ដេច តាតៃ តំបន់អេកូទេសចរណ៍ជីផាត ជាដើម។
៥.ខេត្តព្រះសីហនុ
ខេត្តនេះកំពុងរីកចម្រើនខ្លាំងស្ទើរគ្រប់វិស័យ មិនថាហេត្ថារចនាសម្ព័ន្ធក្នុងក្រុង និងតំបន់កម្សាន្តនានា។ ហើយតំបន់កម្សាន្តក៏មានមិនខ្វះ ដូចជាឆ្នេរសមុទ្រស្អាតៗ កោះស្អាតៗជាច្រើន និងកន្លែងផ្សេងៗទៀត។
៦.ខេត្តសៀមរាប
បកមកខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជានេះវិញ សៀមរាបជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេស ដែលមានតំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត ប្រាង្គប្រាសាទ និងតំបន់រមណីដ្ឋានជាច្រើនស្ទើររាប់មិនអស់។
៧.ខេត្តពោធិ៍សាត់
ខេត្តនេះក៏កំពុងពេញនិយមខ្លាំងណាស់ដែរ ដែលភាគច្រើនអ្នកទេសចរណ៍តែងតែទៅលេងនៅផ្លូវភ្នំ ១៥០០ ទឹកធ្លាក់ថ្មដា ស្ទឹងពពក និងកន្លែងផ្សេងៗទៀត។
៨.ខេត្តបាត់ដំបង
នៅជាប់និងពោធិ៍សាត់ដែរ ខេត្តបាត់ដំបង ក៏ជាទីពេញនិយមសម្រាប់អ្នកចូលចិត្តបរិបទបែបសង្គមចាស់ ដោយក្នុងទីរួមខេត្តបាត់ដំបងសម្បូរទៅដោយសំណង់អគារពីជំនាន់បារាំងដែលមានរូបភាពប្លែកភ្នែកច្រើន។ ហើយក្រៅពីនោះក៏មានតំបន់រមណីដ្ឋានជាច្រើនទៀតដូចជា ភ្នំបាណន់ និងសួនផ្កាល្បីៗមួយចំនួន។
៩.ខេត្តមណ្ឌលគីរី
ខេត្តដែលសម្បូរដោយជ្រលងភ្នំនេះ ក៏ជាទីពេញនិយមសម្រាប់អ្នកទេសចរណ៍ ព្រោះវាមានទេសភាពប្លែក ត្រជាក់ភ្នែកជាមួយនិងតំបន់វាលស្មៅលើខ្នងភ្នំ ជាពិសេសមានទឹកជ្រោះប៊ូស្រាដ៏គួរឲ្យគយគន់ផងដែរ។
១០.ខេត្តកំពង់ចាម
បកមកខេត្តមួយនេះវិញ ក៏មិនខ្វះកន្លែងលេងដែរ។ ដែលជាទូទៅអ្នកទេសចរណ៍ភាគច្រើនកំពុងមានការពេញនិយមទៅលេងនៅអាហារដ្ឋានស្មៅទន្លេ និងអាហារដ្ឋានខន្តី។ ក្រៅពីនោះក៏មាន ប្រាសាទនគរបាជ័យ និងកន្លែងកម្សាន្តផ្សេងទៀត។
យ៉ាងណាក៏ដោយ ខេត្តផ្សេងៗទៀត ក៏មានកន្លែងស្អាតសម្រាប់កម្សាន្តទាក់ទាញរៀងៗខ្លួនផងដែរ ប៉ុន្តែថ្ងៃនេះយើងសូមលើកយកមកតែប៉ុណ្ណេះសិន ព្រោះប៉ុន្មានខេត្តនេះ បច្ចុប្បន្នកំពុងមានសន្ទុះនៃការគាំទ្រទៅលេងកម្សាន្តច្រើន៕