កម្សាន្ត៖ ទឹកសម្លប្រហើរនំបញ្ចុក ក៏ជាម្ហូបអាហារចំណូលចិត្ត របស់មនុស្សជាច្រើន សម្រាប់ទទួលជាមួយនឹងនំបញ្ចុក ដែលអាចអាហារប្រចាំថ្ងៃផងដែរ។ តោះ បើមានចំណាប់អារម្មណ៍ អាចរៀបធ្វើតាមវិធីខាងក្រោម ទុកញ៉ាំជាលក្ខណៈគ្រួសារបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ ត្រី ១ គីឡូ គ្រឿងបុក(ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ) សណ្ដែកដី ខ្ទិះដូង ៥០០ មីលីលីត្រ អំបិល ២ ស្លាបព្រាបាយ ម្សៅស៊ុប ២ ស្លាបព្រាបាយ ប៊ីចេង ២ស្លាបព្រាកាហ្វេ ស្ករស ៣ស្លាបព្រាបាយ ទឹកត្រី ៤ ស្លាបព្រាបាយ ប្រហុក
របៀបធ្វើ៖
១. ជាដំបូងដាំទឹកស្ងោរត្រីឲ្យឆ្អិន ដោយបង់ជាមួយនឹងស្លឹកគ្រៃ
២. ធ្វើការបុកគ្រឿងដែលមានដូចជា ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ឲ្យម៉ត់ រួចបុកបន្ថែមជាមួយនឹងសណ្ដែកដី
៣. បន្ទាប់ពី ត្រីឆ្អិនហើយ ត្រូវបេះយកសាច់ត្រីដើម្បីទៅបុកជាមួយនឹងគ្រឿង ឲ្យចូលគ្នាសព្វល្អ
៤. បន្ទាប់ពីបុកសាច់ត្រីជាមួយនឹងគ្រឿងហើយ យកទៅដាក់ក្នុងចានមួយឡែករួច ចាក់ខ្ទិះដូងចូល រួមទាំងដាក់គ្រឿងដូចជា អំបិល ម្សៅស៊ុប ប៊ីចេង ស្ករស ទឹកត្រី រួចកូរឲ្យរលាយគ្រឿងសព្វ
៥. បន្ទាប់មកទៀត ដាក់ឆ្នាំងដាំទឹក ដោយយកទឹកស្ងោរត្រីមុននេះ លាយជាមួយនឹងទឹក ប្រហែលជា ២ លីត្រ ឲ្យពុះ រួចធ្វើការជ្រុំប្រហុកដាក់ក្នុងនោះ
៦. បន្ទាប់មកទៀត ដាក់គ្រឿងបុកជាមួយសាច់ត្រីមុននេះចូលទៅ ទុកឲ្យពុះ និងភ្លក់រសជាតិទៅតាមចំណូលចិត្តជាការស្រេច៕
ប្រភព៖ Samphos Cooking Food