កម្សាន្ត៖ តើអ្នកកំពុងតែរកមើលកន្លែងសម្រាប់សម្រាកហូបអាហារជួបជុំក្រុមគ្រួសារ និងមានឧបករណ៍កម្សាន្តនាចុងសប្ដាហ៍ឬ? តោះថ្ងៃនេះ សូមបង្ហាញពុកម៉ែបងប្អូនមកលេងនៅរមណីយដ្ឋានមួយឈ្មោះថា រមណីយដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹកវិល។ ទេសភាពនៅទីនេះពិតជាប្លែក រួមផ្សំនឹងខ្យល់បក់មិនដាច់សូរ ទាក់ទាញអារម្មណ៍ឲ្យយើងចង់អង្គុយមើលទេសភាពធម្មជាតិដ៏ត្រកាល ហើយជុំវិញរមណីយដ្ឋាននេះពោរពេញដោយដើមចាករាប់ពាន់ដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរមណីយដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹកវិល ជាឈ្មោះកន្លែងកម្សាន្តមួយស្ថិតជាប់ព្រែក ដែលមានរោងសម្រាប់ភ្ញៀវអង្គុយលេង និងស្រស់ស្រូបអាហារ ដែលសង់អបមាត់ទឹក។ ក្រៅពីនេះគេអាចមើលឃើញនូវផែតូចមួយនៅក្បែរនេះដែរ សម្រាប់ឲ្យភ្ញៀវចេញដំណើរ និងចូលចតវិញនូវទូក ក្បូនឫស្សីដែលផ្ដល់ដោយកន្លែងកម្សាន្តមួយនេះ តែអ្នកកម្សាន្តទាំងឡាយមិនបានទៅចតទីនោះទេ។ ផ្ទុយមកវិញ គេចេញ និងចត ក្បែររោងតែម្តង។ ហើយក៏មានបម្រើសេវាកម្មអាហារសម្រន់ (បុកល្ហុង មីបុក គុយទាវបុក...) ម្ហូបធម្មតា គ្រឿងសមុទ្រ រួមទាំងភេសជ្ជផងដែរដោយតម្លៃអាហារសមរម្យ ដោយចាប់បើកពីម៉ោង ៩ព្រឹកទៅ។
យ៉ាងណាមិញ រមណីយដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹកវិល ក៏អនុញ្ញាតឲ្យភ្ញៀវនាំយកអាហារពីខាងក្រៅបានផងដែរ។ ក្រៅពីនេះមានទូក និងក្បូនសម្រាប់ភ្ញៀវជួល (៣ដុល្លារក្នុង១ម៉ោង)។
រម្មណីដ្ឋាននេះក៏មាន រីស៊តទឹកវិល ផងដែរ ដែលនៅក្បែរមាត់ទឹកដ៏ត្រជាក់ រួមផ្សំទាំងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ពេលភ្ញាក់ពីគេងគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់។
គួរជម្រាបផងដែរថា រមណីយដ្ឋានស្លឹកចាកកំពុងគ្រែង-ទឹកវិល មានទីតាំងក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដោយប្រិយមិត្តអាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ បត់ស្កាំដៃ (មកពីភ្នំពេញ) តាមក្លោង ទ្វារវត្តទឹកវិល ចម្ងាយប្រហែល ៣គីឡូម៉ែត្រ (តាមក្លោងទ្វារវត្តទឹកវិលប្រហែល ១គីឡូម៉ែត្រ ដល់ផ្លូវបំបែកជាបី ឃើញខ្លោងទ្វារវត្តមួយទៀត ចូលតាមនឹងទៅត្រង់ ជិតដល់វត្តបត់តាមផ្លូវលំទី២ខាងឆ្វេងដៃ)។ សូមបញ្ជាក់ថា ផ្លូវចូលដំបូងប្រហែល១គីឡូម៉ែត្រពិបាកធ្វើដំណើរបន្តិច ដោយសារមានគ្រលុកច្រើន តែពេលដល់ខ្លោងទ្វារទី២ ផ្លូវល្អ មិនលំបាកទេ៕
សូមទស្សនារូបភាពខាងក្រោម៖






