សាកធ្វើគុយទាវកាត់ ស្នាដៃខ្លួនឯងម្ដងទៅ ឆ្ងាញ់ដូចគេធ្វើលក់ឬអត់

//s9.kh1.co/76/762b2cb6279766bdb67e6a9526f0ed457d0487b8.png
សាកញុំា

 ២៩-ធ្នូ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បញ្ចេញស្នាដៃធ្វើគុយទាវកាត់ឲ្យអ្នកផ្ទះញុំាឲ្យឆ្ងាញ់មាត់ម្ដងទៅ កុំឲ្យចាញ់អ្នកលក់នៅខាងក្រៅ ធ្វើគុយទាវកាត់តាមរូបមន្តខាងក្រោមអាចញុំាបាន៤ទៅ៥នាក់ មួយគ្រួសារល្មម។

កម្សាន្ត៖ គុយទាវកាត់ គឺជាអាហារមួយប្រភេទដែលគេតែងតែទទួលទាននៅពេលព្រឹក វាជាអាហារសម្រាន់មួយដែលគេអាចញុំាជំនួសបាយបាន។ គុយទាវកាត់ នេះមានលក់នៅក្នុងផ្សារឬនៅតាមតូចអាហារផ្សេងៗ ដែលមានមនុស្សជាច្រើនចូលចិត្តញុំាវា បើសិនជាអ្នកចង់ដឹងពីរបៀបធ្វើសូមមើលតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

ផ្នែកស្នូល៖

១. ផ្សិតត្រចៀកកណ្ដុរ ហាន់ស្ដើងៗ

២. ការ៉ុត ហាន់ជាសរសៃៗ

៣. សាច់ជ្រូកចិញ្ច្រាំ

៤. ខ្ទឹមស ស្លឹកខ្ទឹម ខ្ទឹមបារាំង      

ផ្នែកគុយទាវ៖

១. ម្សៅខ្សាយ ១០០ក្រាម

២. ម្សៅឆា ១០០ក្រាម

៣. ប្រេងឆា ១ស្លាបព្រាបាយ

៤. អំបិល កន្លះស្លាបព្រាកាហ្វេ

គុយទាវកាត់
គុយទាវកាត់

របៀបធ្វើ៖

១.​ យើងត្រូវធ្វើផ្នែកគុយទាវជាមុនសិន ដោយយកម្សៅខ្សាយនិងម្សៅឆាដាក់ក្នុងកូនឆ្នាំងមួយហើយចាក់ទឹកធម្មតា២០០មីលីលីត្រចូលកូរជាមួយម្សៅឲ្យសព្វចូលគ្នាហើយ ចាក់ទឹកក្ដៅ២០០មីលីលីត្រចូលកូរតាមក្រោយ បន្ទាប់មកយើងយកវាទៅទុករយៈពេល៣០នាទីសិន មុននឹងយកទៅចាក់ធ្វើគុយទាវ។

គុយទាវកាត់
គុយទាវកាត់

២. ក្នុងកំឡុងពេលរងចាំគុយទាវ យើងធ្វើស្នូលដោយ ដាក់ខ្ទឹមសចិញ្ច្រាំឆាជាមួយសាច់ជ្រូកចិញ្ច្រាំហើយដាក់ប្រេងខ្យងបន្តិចនិងទឹកស៊ីអីវបន្តិចឆាចូលគ្នា ដាក់ផ្សិតត្រចៀកកណ្ដុរហើយចាំដាក់ការ៉ុតនិងខ្ទឹមបារាំង​ ស្លឹកខ្ទឹមតាមក្រោយ ឆាវាឲ្យស្ងួតរហូតដល់ឆ្អិនហើយដួសដាក់ចានទុកសិន។

គុយទាវកាត់
គុយទាវកាត់

៣. បន្ទាប់ពីម្សៅដល់ម៉ោងហើយយើងចាក់ប្រេងឆាចូលកូរជាមួយម្សៅមុននឹងយកចាក់ធ្វើគុយទាវ ហើយយើងដាក់ខ្ទះបើកភ្លើងតិចៗលាបខ្លាញ់មុននឹងដាក់ម្សៅគុយទាវចម្អិន ចាក់ម្សៅគុយទាវចូលស្ដើងបន្តិចហើយយើងត្រូវបិទគម្របដើម្បីឲ្យគុយទាវឆ្អិនល្អ

៤. ពេលគុយទាវឆ្អិនហើយយកផ្កាប់វាលើថាសមួយទុកឲ្យត្រជាក់សិនចាំមូរវាជាមួយស្នូល យើងចម្ឆិនគុយទាវបណ្ដើរៗរហូតដល់អស់ម្សៅ។ ពេលគុយទាវឆ្អិនរួចរាល់ហើយយើងមូរវាជាមួយស្នូលហើយញុំាជាមួយទឹកត្រីផ្អែម អាចបន្ថែមជាមួយបន្លែផ្សេងៗឬសាច់ប៉ាតេបាន៕

ប្រភព៖ ស្លឹកតើយ 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T