កម្សាន្ត៖ អាកាសធាតុចុះត្រជាក់ យើងប្រាកដជាចង់ញុំារបស់ក្ដៅៗដើម្បីជួយកម្ដៅរាងកាយ មានអីពិបាក ធ្វើ បបរលត ញុំាទៅ បបរនេះធ្វើងាយទេ ហើយមានរសជាតិឆ្ងាញ់ ជាពិសេសយើងញុំាវាក្ដៅៗនៅពេលព្រឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ការ៉ុត ឆៃថាវ ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ជីរណា ខ្ទឹមស ខ្ទឹមបារាំង
២. ឆ្អឹងមាន់ ជើងជ្រូក ឈាមជ្រូក ប្រហិត មឹកក្រៀម បង្គាក្រៀម
៣. អំបិល ស្ករស ទឹកត្រី ម្សៅស៊ុបមាន់
៤. លត សណ្ដែកបណ្ដុះ

របៀបធ្វើ៖
១. យើងត្រូវហាន់បន្លែដូចជាឆៃថាវ ការ៉ុតជាដុំៗ ហាន់ស្លឹកខ្ទឹម ជីរណា ជីវ៉ាន់ស៊ុយតូចៗដាក់ក្នុងចានទុកមួយឡែក។ យកខ្ទឹមបារាំងកាត់ជា២ចំណែក ហើយបន្ទាប់មកដាក់ខ្ទះបើកភ្លើងដាក់ខ្ទឹមបារាំងចូលទាំងដុំ ដាក់ខ្ទឹមសដែលបកសំបករួច មឹកក្រៀមអាំងក្នុងខ្ទះនោះ។
២. ដាំទឹក៤លីត្រឲ្យពុះ ដាក់ឆ្អឹងមាន់ចូល គល់ជីវ៉ាន់ស៊ុយ ទុករំងាស់ប្រហែលមួយម៉ោង ហើយស្រង់ឆ្អឹងមាន់ចេញ។ យើងត្រូវដាក់អំបិល១ស្លាបព្រាបាយចូលក្នុងទឹកស៊ុបនោះ ដាក់ស្ករស២ស្លាបព្រាបាយ ទឹកត្រី២ស្លាបព្រាបាយ ម្សៅស៊ុបមាន់១ស្លាបព្រាបាយ និងគ្រឿងដែលបានអាំងរួចមានដូចជាបង្គាក្រៀម មឹកក្រៀម ខ្ទឹមស ខ្ទឹមបារាំងចូលក្នុងទឹកស៊ុប ទុកមួយសន្ទុះ យើងដាក់បន្លែការ៉ុត ឆៃថាវ ប្រហិតចូលបន្ថែម ហើយស្រង់ ខ្ទឹមបារាំង និងមឹកក្រៀមចេញ ស៊ុបយើងឆ្អិនរួចរាល់។

៣. ដាក់ដាំទឹក២លីត្រកន្លះឲ្យពុះ ដាក់ជើងជ្រូកចូលទុកវារហូតដល់ផុយល្អ ស្រង់ចេញដាក់ចាន។ ដាំទឹក២លីត្រទៀតទុកឲ្យពុះហើយដាក់ឈាមជ្រូកចូលចម្អិនប្រហែល១៥នាទី ស្រង់ចេញ។ ស្រុះលតតាមចំណង់ចំណូលចិត្ត ហើយដាក់ក្នុងចានដួសទឹកស៊ុបដាក់ចូល បន្ថែមជើងជ្រូក ឈាមជ្រូកជាការស្រេច៕
ប្រភព៖ Flavourfully Good រសជាតិឆ្ងាញ់