កម្សាន្ត៖ នំច័ក្កច័នគឺជាបង្អែមខ្មែរដែលមានរសជាតិផ្អែមឆ្ងាញ់ហើយមានពណ៌ស្អាតគួរឲ្យចង់ញុំា គេនិយមធ្វើនំនេះនៅពេលមានពិធីបុណ្យផ្សេងៗ មង្គលការ ឬធ្វើប្រគេនព្រះសង្ឃជាដើម។ ដូចនេះបើសិនជាអ្នកចង់ញុំានំច័ក្កច័នដែលធ្វើដោយស្នាដៃខ្លួនឯង អាចរៀនតាមវិធីខាងក្រោមនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ខ្ទិះដូង ២ចានចង្កឹះ
២. ស្ករស ១ចានចង្កឹះ
៣. ម្សៅឆា ១ចានចង្កឹះ
៤. ម្សៅខ្សាយ កន្លះចានចង្កឹះ
៥. អំបិល ១ចុងស្លាបព្រាកាហ្វេ
៦. ប្រេងឆា
៧. ល័ក្តពណ៌អាហារ ឬប្រើស្លឹកតយ ផ្កាអមតៈសម្រាប់ពណ៌
របៀបធ្វើ៖
១. ដាក់ដាំខ្ទិះដូងឲ្យពុះ ដាក់ស្ករសចូលកូរវាឲ្យរលាយរហូតដល់ឆ្អិនហើយដួសទុកដោយឡែកឲ្យត្រជាក់។
២. ចាក់ម្សៅខ្សាយនិងម្សៅឆាដាក់ចានមួយសម្រាប់លាយ ហើយចាក់ខ្ទិះដែលដាំឆ្អិនហើយនោះចូលយឺតៗ ច្របាច់ខ្ទិះដូងជាមួយម្សៅឲ្យម៉ត់ចូលគ្នា យកវាទៅត្រងយកទឹកដើម្បីកុំឲ្យមានកម្ទិចកម្ទីនៅសល់។
៣. រំលែកទឹកម្សៅជា២ចាន ហើយដាក់ទឹកពណ៌ចូលក្នុងចានមួយណាក៏បានតាមដែលពេញចិត្តរួចកូរវាឲ្យសព្វគ្នា។
៤. ត្រៀមពុម្ភសម្រាប់ចំហុយនំ ដោយលាមប្រេងឆាដើម្បីកុំឲ្យនំស្អិតជាប់គ្នា បន្ទាប់មកយកទឹកម្សៅនំមួយទៅចាក់ក្នុងពុម្ភនំហើយដាក់ចំហុយទុកឲ្យរៀងឆ្អិនបន្តិច ចាក់ទឹកម្សៅនំមួយផ្សេងទៀតចូលពីលើនំនោះ ធ្វើបែបនេះរហូតដល់អស់ទឹកម្សៅនំទាំងពីចាន។ នៅពេលនំច័ក្កច័នឆ្អិនទុកវាឲ្យត្រជាក់ ហើយកាត់វាជាដុំៗដាក់ចានញុំាជាការស្រេច៕
ប្រភព៖ សុខ សំណាង