កម្សាន្ត៖ នំខ្មែរមួយមុខនេះ អ្នកណាក៏ស្គាល់ដែរ យើងតែងឃើញគេលក់នៅក្នុងផ្សារឬ នៅតាមជញ្ចើមផ្លូវ។ នំពងអន្សងមានរសជាតិឆ្ងាញ់ណាស់ វាមានស្នូលសណ្ដែកបាយប្រៃផ្អែម ហើយសំបកក្រៅប្រលាក់ស្ករដែលធ្វើឲ្យរសជាតិចូលគ្នាបានល្អ។ បើយើងធ្វើនំនេះមិនត្រូវតាមក្បួនទេ វាអាចនិងមានរូបរាងមិនស្អាត ហើយសំបកនំប្រេះទៀតផង ដូចនេះដើម្បីធ្វើនំពងអន្សងឲ្យបានស្អាតនិងត្រឹមត្រូវ សូមរៀនតាមរូបមន្តខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
សំបកនំ៖
១. ម្សៅដំណើប ៤០០ក្រាម
២. ម្សៅអង្ករ ៥០ក្រាម
៣. ស្ករស ១០០ក្រាម
៤. ខ្ទិះដូង ៣៧០មីលីលីត្រ
៥. អំបិល កន្លះស្លាបព្រាកាហ្វេ
៦. ម្សៅដុតនំ Baking powder ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
· ដាក់ម្សៅទាំងអស់លាយចូលគ្នាដូចជា ម្សៅដំណើប ម្សៅអង្ករ ម្សៅដុតនំ ស្ករស អំបិលហើយលាយ
· ចូលគ្នាបន្ទាប់មកចាក់ខ្ទិះដូងចូលបណ្ដើរកូរម្សៅបណ្ដើរម្ដងបន្តិចៗរហូតដល់អស់ ហើយយកល្បាយនោះមកច្របាច់លាយវាម្ដងទៀតឲ្យម៉ត់ល្អ ទុកមួយឡែក។
ស្នូលនំ៖
១. សណ្ដែកបាយ ២៥០ក្រាម
២. ខ្ទិះដូង ២៥០មីលីលីត្រ
៣. ទឹក ២៥០មីលីលីត្រ
៤. ស្ករត្នោត ៦០ក្រាម
៥. អំបិល កន្លះស្លាបព្រាកាហ្វេ
៦. ស្លឹកខ្ទឹម ហាន់តូចៗ
របៀបធ្វើ៖
· យកសណ្ដែកបាយត្រាំទឹករយៈពេល៤ម៉ោងមុននឹងចាប់ផ្ដើមធ្វើនំ
· ដាក់ឆ្នាំងនៅលើភ្លើងហើយចាកទឹកនិងខ្ទិះដូងចូល ដោយបើកភ្លើងតិចៗ ហើយកូរវាមួយសន្ទុះឲ្យទឹកនិងខ្ទិះដូងរលាយចូលគ្នាល្អ បន្ទាប់មកដាក់អំបិល ស្ករត្នោត កូរវាចូលគ្នារហូតដល់រលាយស្ករអស់។
· យកសណ្ដែកបាយដែលត្រាំទឹកហើយចាក់ចូលក្នុងឆ្នាំង ហើយកូរវាបណ្ដើររហូតដល់ដាច់ទឹក នៅពេលទឹកនោះពុះ ត្រូវបន្ថយភ្លើងបន្តិចសិន កូរវាឲ្យជាប់ដៃរហូតដល់សណ្ដែកដាច់ទឹកស្ងួតអស់ យកស្លឹកខ្ទឹមម៉ត់មករោយហើយលាយចូលគ្នាបិទភ្លើងរួចរាល់។
· ទុកស្នូលសណ្ដែកឲ្យត្រជាក់សិន សឹមយកមកមូរជារាងមូលតាមដែលយើងចង់បាន។
របៀបធ្វើនំ៖
១. យកម្សៅដែលត្រៀមនោះ មកលុញវាជារាងមូល ហើយសង្កត់វាឲ្យទៅជាសំប៉ែតវិញ យកម្រាមដៃច្របាច់វាស្ដើងៗ យកស្នូលនំមកដាក់ហើយខ្ចាប់វាឲ្យជិត។
២. ពេលខ្ចាប់នំអស់ហើយ ដាំខ្ទះដាក់ខ្លាញ់ពាក់កណ្ដាល់ខ្ទះ ហើយបើកភ្លើងទុកវារហូតដល់ក្ដៅល្មម យើងត្រូវយកចង្កឹះឈើមួយទៅវាស់ក្នុងខ្ទះ បើសិនជាមានកូនពពុះតូចៗតោងចង្កឹះនោះ មានន័យថាយើងអាចដាក់នំចូលបំពងបានហើយ។
៣. ពេលដាក់នំចូលហើយ បន្ថយភ្លើងឲ្យនៅពាក់កណ្ដាល ហើយដល់ពេលនំឆ្អិនស្រង់វាចេញ។ យើងត្រូវចម្អិនទឹកស្ករ ដោយដាក់ស្ករស ២៥០ក្រាមក្នុងខ្ទះនិងទឹក១២០មីលីលីត្រ បើកភ្លើងតិចបំផុតទុកដល់ពេលវាពុះ ដាក់នំដែលឆ្អិននោះចូលកូរវារហូតដល់ទឹកស្ករនោះស្ងួតហើយស្ករជាប់លើនំជាការស្រេច៕
ប្រភព៖ Somar Fun