កម្សាន្ត៖ បើសិនជាអ្នកធ្លាប់បានទៅលេងផ្សាររាត្រីនៅប្រទេសថៃ អ្នកប្រាកដជាស្គាល់ ស៊ុបឆ្អឹងគោ មួយនេះហើយ វាជាម្ហូបដែលល្បីខ្លាំងនៅទីនោះ វាមានរូបមន្តថៃកាត់ឡាវ ចំណែកឯរសជាតិវិញប្រាកដជាឆ្ងាញ់ណាស់ហើយ ចង់ដឹងរសជាតិយ៉ាង អាចរៀនធ្វើតាមរូបមន្តខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ឆ្អឹងគោ ១គីឡូក្រាម
២. ខ្ទឹមបារាំង ១គ្រាប់
៣. គល់ជីវ៉ាន់ស៊ុយ ៣គុល
៤. ខ្ទឹមក្រហម ២គ្រាប់
៥. ស្លឹកគ្រៃ ២គល់
៦. ទឹកស៊ីអីវ ២ស្លាបព្រាបាយ
៧. ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
៨. អំបិល ១ស្លាបព្រាតែ
៩. ទឹកត្រី ២ស្លាបព្រា
១០. ស្ករស ២ស្លាបព្រា
១១. ស្លឹកខ្ទឹម ២ដើម
១២. ជីរណា ២ដើម
១៣. ម្ទេសខ្មាំង ២០០ក្រាម

របៀបធ្វើ៖
១. ដាំទឹកក្នុងឆ្នាំងចំនួន២លីត្រ ដាក់ឆ្អឹងគោចូលបិទគម្របឆ្នាំង ស្ងោរវារហូតដល់ពុះ ហើយដួសពពុះខ្លាញ់គោចេញ បន្ទាប់មកដាក់ខ្ទឹមបារាំង ខ្ទឹមក្រហម ស្លឹកគ្រៃ គល់ជីវ៉ាន់ស៊ុយ អំបិល ទឹកស៊ីអីវ រួចហើយបន្ថយភ្លើងនៅត្រឹមពាក់កណ្ដាលហើយទុករំងាស់រយៈពេល២ម៉ោង។

២. ក្រោយរំងាស់២ម៉ោង ទឹកស៊ុបខាប់ល្អឈ្ងុយក្លិនសាច់គោ យើងអាចដួសយកឆ្អឹងគោចេញទុកមួយឡែកសិន ស្រង់គ្រឿងដែលនៅសល់ក្នុងទឹកស៊ុបចេញឲ្យអស់ ហើយចាប់ផ្ដើមដាក់គ្រឿងក្នុងស៊ុប ដូចជាម្ទេសខ្មាំង ជីរណា ស្លឹកខ្ទឹម ទឹកក្រូចឆ្មា ស្ករស ទឹកត្រី រួចកូរវាចូលគ្នាឲ្យសព្វជាការស្រេច។

៣. ដាក់ឆ្អឹងគោក្នុងចានមួយ ហើយដួសទឹកស៊ុបស្រោចពីលើញុំាបានយ៉ាងឆ្ងាញ់ យើងអាចញុំាជាមួយមីក៏បាន រសជាតិទឹកស៊ុបគឺ ជូរអែមហិរ ឆ្ងាញ់ជាប់មាត់៕
ប្រភព៖ Mekong Cooking