កម្សាន្ត៖ បើសិនជាយើងចង់ធ្វើត្រីខមួយមុខនោះគឺវាមិនពិបាកនោះទេ យើងអាចរើសវិធីចម្អិនតាមទម្លាប់ខ្លួនឯងបាន តែអ្វីដែលសំខាន់នោះគឺការចម្អិនឲ្យបានត្រឹមត្រូវតាមក្បួន ដើម្បីធ្វើម្ហូបមួយមុខធម្មតាក្លាយទៅជាម្ហូបពិសេសឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ដូចនេះដើម្បីទទួលបានខត្រីមួយចានដែលមានរសជាតិពិសេសនោះ សូមរៀនតាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ត្រី ១គីឡូក្រាម (យើងអាចយកត្រីកាម៉ុង ឬត្រីព្រួលក៏បាន)
២. ទឹកត្រី ៣ស្លាបព្រាបាយ
៣. ស្ករត្នោត ៥ស្លាបព្រាបាយ
៤. ម្រេច ១ស្លាបព្រាកាហ្វេ
៥. ខ្ទឹមស ៥កំពឹស
៦. ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
៧. ប៉េងប៉ោះទុំ (ប៉េងប៉ោះធំ)

របៀបធ្វើ៖
១. យកត្រីលាងសម្អាតឲ្យស្អាត ហើយដាក់ក្នុងចាន ចាក់ទឹកត្រីចូលប្រលាក់លាយជាមួយត្រីឲ្យសព្វ ដាក់ចូលក្នុងទូរទឹកកកប្រហែល២ទៅ៣ម៉ោង ដើម្បីឲ្យសាច់ត្រីរឹងល្អ។ លាងប៉េងប៉ោះឲ្យស្អាតហើយទុកមួយឡែកសិន។
២. បុកម្រេចឲ្យម៉ត់ល្អ បើសិនជាចូលចិត្តហិរអាចបន្ថែមម្រេចទៀតក៏បាន នៅពេលបុកម្រេចម៉ត់ហើយដាក់ខ្ទឹមសចូលបុកឲ្យម៉ត់ដួសទុកសិន។

៣. ដាក់ឆ្នាំងចាក់ស្ករត្នោតចូលហើយបើកភ្លើងតិចៗ កម្លោចស្ករត្នោតឲ្យរលាយនិងចេញពណ៌ក្រហមហើយ ចាក់ម្រេចបុកនោះចូល កូរវាចូលគ្នា ដាក់ទឹកត្រី៣ស្លាបព្រាបាយឬលើសនឹងក៏បានបើចង់ឲ្យរសជាតិរាងធ្ងន់ បន្ទាប់មកយកប៉េងប៉ោះមកតម្រៀមក្នុងឆ្នាំងទាំងអស់ ហើយដាក់ត្រីតម្រៀបពីលើ យកម្សៅស៊ុបមាន់រោយពីលើត្រី ចាក់ទឹកចូលប្រហែល១ចានចង្កឹះ រួចបិទគម្របឆ្នាំងទុកឲ្យវាពុះបន្តិចសិន។

៤. នៅពេលខត្រីពុះហើយ យើងនឹងឃើញវាមានទឹកច្រើនដែលចេញពីត្រីនិងប៉េងប៉ោះ ហើយយើងថែមទឹកបន្តិចម្ដងៗនៅពេលវាពុះរហូតដល់ត្រីផុយឆ្អឹង។ នៅពេលត្រីផុយឆ្អឹងហើយ នោះខត្រីយើងឆ្អិនជាការស្រេច៕
ប្រភពពី៖ Mummy and grace